អត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡា

Published on July 16, 2024

អត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡា
 
ការលេងកីឡាជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការលូតលាស់របស់ក្មេងៗដើម្បីឱ្យរាងកាយ និងស្មារតីរបស់ពួកគេមាំមួន មានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ។
១. សុខភាពផ្លូវកាយ និងផ្លូវចិត្ត ៖ ពិតណាស់ការលេងកីឡាអាចជួយឱ្យកុមារជៀសឆ្ងាយពីបញ្ហាលើសគីឡូ មួយវិញទៀតការលេងកីឡាមិនត្រឹមតែទទួលបានសុខភាពមាំមួននោះទេវាក៏បានចូលរួមចំណែកក្នុងការធ្វើឱ្យកុមាររៀនចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ និងអាចផ្លាស់ប្ដូរអារម្មណ៍អវិជ្ជមានមកជាវិជ្ជមានវិញទោះបីជាពួកគេមិនឈ្នះការប្រកួតក៏ដោយ ។
២. ការធ្វើការងារជាក្រុម ៖ ការលេងកីឡាជាច្រើនប្រភេទ ដូចជាបាល់ទះ ឬបាល់ទាត់ជាដើមអាចជួយឱ្យក្មេងៗចេះសហការ មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងស្តាប់កុមារដទៃទៀត។
៣. ចេះគោរពវិន័យ ៖ វិន័យគឺជាគន្លឹះនៃភាពជោគជ័យ ការគោរពវិន័យបានខ្ជាប់ខ្ជួននឹងធ្វើឱ្យកុមារមានសណ្ដាប់ធ្នាប់ល្អ ទទួលបានការកោតសរសើរ និងការគោរពពីសំណាក់អ្នកជុំវិញខ្លួនផងដែរ។
៤. ជំនាញសង្គម ៖ កីឡាបានជួយពួកគេបង្កើតមិត្តថ្មី និងបង្កើតរង្វង់សង្គមរបស់ពួកគេនៅខាងក្រៅសាលា ជាក់ស្ដែងបច្ចុប្បន្ននេះ កុមារភាគច្រើនតែងចំណាយពេលវេលាច្រើនជាមួយនឹងការលេងទូរស័ព្ទ និងមិនសូវចូលរួមនៅក្នុងសង្គម ក៏ដូចជាបង្កើតមិត្តភ័ក្ដិឡើយ។
៥. ជឿជាក់លើខ្លួនឯង ៖ កីឡាអាចបណ្ដុះស្មារតីនៃការតស៊ូ ជាមួយគ្នានេះដែរ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលចូលរួមក្នុងការលេងកីឡាមានពិន្ទុខ្ពស់ និងមានទំនុកចិត្តកាន់តែច្រើនមកលើខ្លួនឯង។