ទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រអង្គរ ថ្ងៃទី២៧ ទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា
មុនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សាលារៀនខូលីងវូដភ្នំពេញ នាំសិស្សចុះទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រអង្គរ
បើគ្មានអ្វីប្រែប្រួលទេ សាលារៀនខូលីងវូដភ្នំពេញ នឹងដឹកនាំសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៥-២០២៦ ទាំងអស់ ចុះទស្សនកិច្ចសិក្សាឈ្វេងយល់អំពីវប្បធម៌ មរតកប្រវត្តិសាស្ត្រដ៏ចំណាស់របស់ជាតិ និងជារាជធានីបុរាណនៃអាណាចក្រខ្មែរ ដែលមានទីតាំងនៅតំបន់អង្គរ ខេត្តសៀមរាប រយៈពេល ២យប់ ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
បើតាមលោក រស់ សុភារ៉ាវុធ នាយករងទទួលបន្ទុកវិន័យ នៃសាលារៀនខូលីងវូដភ្នំពេញ និងជាអ្នកដឹកនាំផ្ទាល់ក្នុងដំណើរទស្សនកិច្ចសិក្សានេះ បានឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចសិក្សាមុនថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គឺមិនខុសពីឆ្នាំមុនៗឡើយ ព្រោះសាលាមានគោលបំណងជំរុញសិស្សឱ្យទទួលបានបទពិសោធន៍ថ្មីៗ ភាពក្លាហាន ចេះសហការ និងចេះជួយគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត នេះជាឱកាសឱ្យសិស្សទាំងអស់បានក្រេបជញ្ជក់ចំណេះដឹងថ្មីៗបន្ថែមពីការរៀននៅក្នុងថ្នាក់ ព្រមទាំងសិក្សាឈ្វេងយល់អំពីអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់រូប។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសឱ្យសិស្សទាំងអស់មានពេលវេលាសម្រាកលម្ហែកាយ បន្ទាប់ពីខិតខំប្រឹងប្រែងរៀនសូត្ររយៈពេលកន្លងមក ព្រមទាំងត្រឡប់មកវិញជាមួយនឹងចំណេះដឹងថ្មី បទពិសោធថ្មី មានគំនិតថ្មី ជាពិសេសបង្កើននូវភាពស្និទ្ធស្នាលជាមួយលោកគ្រូ អ្នកគ្រូ រឹតចំណងមិត្តភាពរវាងគ្នានឹងគ្នា និងបង្កើតអនុស្សាវរីយ៍ល្អៗ មុនពេលបញ្ចប់ថ្នាក់វិទ្យាល័យរបស់ពួកគេផងដែរ។
គួរបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំ ឱ្យតែមុនថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកដល់ សាលារៀនខូលីងវូដភ្នំពេញ តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាដល់សិស្សថ្នាក់ទី១២ទាំងអស់ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីឱ្យពួកគេយល់ដឹងពីមជ្ឈដ្ឋានភ្ញៀវជាតិ និងអន្តរជាតិ ការទស្សនាប្រាង្គប្រាសាទនានា និងឈ្វេងយល់ពីសារសំខាន់នៃទំនៀមទម្លាប់វប្បធម៌ សាសនា ជំនឿ នៃមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។